ភ្នំពេញ៖ បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល កាលពីចុងខែសីហាឆ្នាំនេះ ឥឡូវនេះក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានសម្រេចចិត្តវិនិយោគបូមប្រេងនៅអណ្ដូងប្រេងអប្សរារបស់ប្លុក A ។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីចុងខែសីហា បានទុករយៈពេល ២ខែឲ្យក្រុមហ៊ុន KrisEnergy ធ្វើការសម្រេចចិត្តវិនិយោគចុងក្រោយ (FID) ។ មកទល់នឹងថ្ងៃទី២០ខែតុលា សប្ដាហ៍មុននេះ ក្រុមហ៊ុននេះបានប្រកាសថាខ្លួនសម្រេចចិត្តវិនិយោគបូមប្រេងនៅអណ្ដូងប្រេងអប្សរា ដំណាក់កាល ១A ។
ក្រុមហ៊ុន KrisEnergy រំពឹងថា ដំណក់ប្រេងលើកដំបូងក្រោមគម្រោងអភិវឌ្ឍន៍របស់ខ្លួននឹងចេញជាផ្លែផ្កានៅក្នុងរយៈពេល ២៤ខែ បន្ទាប់ពីការសម្ពោធជាផ្លូវការនូវគម្រោងនេះ។ ប៉ុន្តែក្រុមហ៊ុននេះមិនបានឲ្យដឹងពីកាលបរិច្ឆេទចាប់ផ្ដើមបំពាក់ឧបករណ៍បូមប្រេងនៅឡើយទេ ហើយក៏មិនបានប្រកាសពីចំនួនទឹកប្រាក់វិនិយោគទាំងនេះដែរ។
លោក Kelvin Tang អគ្គនាយកក្រុមហ៊ុន KrisEnergy និងជាប្រធានប្រតិបត្តិការនៅកម្ពុជា បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសនោះថា ការសម្រេចចិត្តវិនិយោគចុងក្រោយ គឺជាជំហ៊ានបន្ទាប់មួយទៀត ដែលធ្វើឲ្យខិតជិតការទាញយកប្រេង បន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីចុងខែសីហា កន្លងមក។
លោក Kelvin Tang បានថ្លែងពីសកម្មភាពក្រុមហ៊ុនចំពោះគម្រោងមួយនេះយ៉ាងដូច្នេះថា៖«ក្រុមបច្ចេកទេស និងប្រតិបត្តិការរបស់យើងកំពុងរៀបចំដាក់ឲ្យដេញថ្លៃសម្ភារ ឧបករណ៍ និងសេវាកម្ម។ ស្របគ្នានេះដែរ ការពិគ្រោះយោបល់នៅតែប្រព្រឹត្តបន្តទៀតជាមួយភាគីដែលចាប់អារម្មណ៍ចូលរួមការចាប់ផ្ដើមគម្រោងមួយនេះ ដើម្បីកាត់បន្ថយហានិភ័យប្រតិបត្តិការ និងការចំណាយទុនរបស់យើង»។
ក្រុមហ៊ុននេះបានប៉ាន់ប្រមាណថា ដំណាក់ ១A របស់គម្រោងអប្សរា គេនឹងប្រើប្រាស់ឧបករណ៍ ២៤គ្រឿងដែលមានសមត្ថភាពផលិតប្រេង និងឧស្ម័នបានរហូតដល់ ៣០០០០បារ៉ែលក្នុងមួយថ្ងៃ។ ប្រេងនឹងត្រូវបញ្ជូនតាមរយៈបំពង់បង្ហូរប្រវែង ១,៥គីឡូម៉ែត្រ សម្រាប់ស្តុកលើនាវាបណ្ដែតទឹកដែលចតជាអចិន្ត្រៃយ៍៕