ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបមួយ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៣ខែតុលានេះ ក្រោមអធិបតីប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ។
ស្ពានឆ្លងកាត់ទន្លេសាប ដែលត្រូវបានដាក់ឲ្យសាងសង់នៅថ្ងៃនេះ មានប្រវែង ៩២២ម៉ែត្រ និងទទឹង ២០,៥ ម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងរណបជ្រោយចង្វារ មកផ្លូវជាតិលេខ៥ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ ខណ្ឌឬស្សីកែវ។ នេះជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ។
បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ពាននេះត្រូវសាងសង់ដោយក្រុមហ៊ុន OCIC ដែលនឹងចំណាយពេលវេលាបញ្ចប់គម្រោងចំនួន ២៨ខែ ។ លោកឃួងស្រេងមិនបានបញ្ជាក់ពីទំហំថវិកាស្ថាបនាស្ពាននេះឡើយ ប៉ុន្តែលោកឲ្យដឹងថា ទឹកប្រាក់សាងសង់ស្ពាននេះ គឺទទួលបានពីគម្រោងអភិវឌ្ឍន៍ជ្រោយចង្វារ។
យោងតាមលោក ទូច សំណាង អគ្គនាយករង OCIC ដែលបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកក្នុងពេលកន្លងមក ថវិកាសាងសង់ស្ពាននេះមានចំនួន ៣៥លានដុល្លារអាមេរិក៕