គម្រោងផ្លូវរថភ្លើង ភ្នំពេញបាងកក នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នកំពុងសាងសង់យ៉ាងមមាញឹក ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានជាតិ។
ផ្លូវរថភ្លើងភ្នំពេញ ភ្ជាប់ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កំពុងពន្លឿនការជួសជុលពីស្រុកមង្គលបុរី តភ្ជាប់មកខេត្តពោធិ៍សាត់ និងមកកាន់រាជធានីភ្នំពេញ និងកំពុងជួសជុលស្ថានីយមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត។
លោក វ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើពុំមានអ្វីប្រែប្រួលនោះទេ រថភ្លើងពីភ្នំពេញទៅទីក្រុងបាងកក ប្រទេសថៃ នឹងភ្ជាប់នៅឆ្នាំ២០២០ខាងមុខនេះ ហើយពេលនោះ អ្នកដំណើរនឹងមិនចាំបាច់ជិះយន្តហោះ រថយន្ដក្រុង ឬតាក់ស៊ីទៀតទេ ។
កាលពីពេលថ្មីកន្លងទៅ ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានប្រាកសថា គ្រោងនឹងចំណាយប្រមាណជា ២០លានដុល្លារអាមេរិក ក្នុងការស្ថាបនា ផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឲ្យ ប្រសើរឡើងវិញ។
ការស្ថាបនាឡើងវិញនេះ នឹងត្រូវស្ថាបនា ចាប់ពីស្វាយស៊ីសុផុនទៅ ខេត្តបាត់ដំបង និងពីខេត្តបាត់ដំបងមកដល់ភ្នំពេញ ដោយធ្វើការជួសជុលផ្លូវរថភ្លើងចាស់ដែលមិនបានប្រើប្រាស់ជាយូរមកហើយ ការស្ថាបនាឡើងវិញនេះនឹងត្រូវស្ថាបនាទៅតាម ដំណាក់កាលៗ។
គួរជម្រាបផងដែរថា គម្រោងសាងសងផ្លូវរថភ្លើងនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ ពីភ្នំពេញទៅព្រលានយន្តហោះ ជាពិសេស នោះគឺ អាចឲ្យកម្មករជាង ១ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសអាចធ្វើដំណើរមកធ្វើការនៅភ្នំពេញបាន។ មិនតែប៉ុណ្ណោះវាក៏អាច ជួយរោងចក្រប្រមាណ១០០រោងចក្រក្នុងនិងតំបន់សេដ្ឋកិច្ចពិសេសដឹកទំនិញចូលកំពង់ផែផងដែរ៕