កន្លងមក ខេមបូណូមីស បានផ្សាយរួចហើយពីផ្ទះតម្លៃថោកនិងមធ្យមនៃគម្រោងលំនៅដ្ឋានសាធារណៈរបស់ក្រុមហ៊ុន WorldBridge Land របស់ឧកញ៉ា សៀ ឫទ្ធី ដែលនេះជាគម្រោងលំនៅដ្ឋានដែលលក់ឲ្យទៅមន្ត្រីរាជការនិងពលរដ្ឋដែលមានជីវភាពមិនសូវធូរធារ ដែលមិនអាចទិញផ្ទះតម្លៃថ្លៃៗរស់នៅនឹងគេបាន។
គម្រោងសាងសង់លំនៅដ្ឋានសាធារណៈដែលមានតម្លៃសមរម្យលើកដំបូងគេបង្អស់នៅកម្ពុជា បានផ្ដើមបើកការសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៧ ខែមករា ដើមឆ្នាំ២០១៧។
រហូតមកដល់បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃថោកនិងមធ្យមមួយនេះ ត្រូវបានម្ចាស់គម្រោងប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានបញ្ចប់រួចរាល់ហើយនូវការរចនាផ្ទះគំរូដ៏ស្រស់ស្អាត ហើយក៏នឹងត្រៀមប្រកាសបើកជូនសាធារណជនឲ្យចូលទៅទស្សនាឆាប់ៗនេះផងដែរ។
នេះជាគម្រោងដែលបានធ្វើឲ្យរំជើបរំជួលនិងចាក់ដោតដល់បេះដូងប្រជាពលរដ្ឋទូទៅទូទាំងប្រទេស ពិសេសបុគ្គលិក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការ ដែលមានប្រាក់ចំណូលទាបនិងមធ្យម ដែលពួកគាត់តែងតែសុបិនប្រាថ្នាចង់បានផ្ទះមួយខ្នង រស់នៅដោយពិតប្រាកដ ដែលមានតម្លៃថោកសមរម្យ អស់ជាច្រើនឆ្នាំមកហើយ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ KFA ដែលបានទទួលសិទ្ធិពីក្រុមហ៊ុន WorldBridge Land ក្នុងការបម្រើសេវាលក់ផ្ទះតម្លៃសមរម្យនៃគម្រោងលំនៅដ្ឋានសាធារណៈ បានផ្ដល់បទសម្ភាសន៍ ដល់សារព័ត៌មាន ខេមបូណូមីស ដោយលម្អិតអំពីលក្ខខណ្ឌសម្រាប់ការទទួលបានសិទ្ធិទិញផ្ទះតម្លៃថោកនេះ ដូចខាងក្រោម៖
ផ្ទះតម្លៃថោកនេះ គឺសម្រាប់លក់ទៅឲ្យមន្ត្រីរាជការ ជាជម្រើសទីមួយ បន្ទាប់មកទៀត ទើបលក់ឲ្យប្រជាជនធម្មតា ដែលពួកគាត់មានចំណូលទាបនិងមធ្យម ពោលគឺចំណូលមិនលើសពី ២លានរៀលក្នុងមួយខែ។
មួយវិញទៀត អាទិភាពគឺផ្ដល់ទៅឲ្យអ្នកដែលមានគ្រួសារ គឺមិនលក់ឲ្យអ្នកនៅលីវ ហើយមួយគ្រួសារទិញបានតែមួយខ្នងផ្ទះទេ ពោលគឺមិនអនុញ្ញាតឲ្យគាត់ទិញទុកធ្វើអាជីវកម្មនោះទេ។
លោកឧកញ៉ា នួន រិទ្ធី បន្តថា ការលក់ដូរផ្ទះសម្រាប់គម្រោងលំនៅដ្ឋានសាធារណៈនេះ គឺធានារក្សានូវតម្លាភាព និងសុចរិតភាពជូនចំពោះអតិថិជន ហើយមួយវិញទៀត គឺរក្សាតម្លៃជាគោលការណ៍របស់ក្រុមហ៊ុន ដោយមិនមានការដំឡើងថ្លៃ នៅពេលមានអតិថិជនទិញច្រើនឡើយ។
ទន្ទឹមនឹងនេះដែរ បើតាមលោកឧកញ៉ាអគ្គនាយកក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ KFA ដដែល ក្រុមហ៊ុន WorldBridge Land ក៏បានសុំការអនុគ្រោះពីរាជរដ្ឋាភិបាលដើម្បីជួយសម្រួលដល់ការទិញដូរ និងកាត់ប្លង់ ជាដើម។
និយាយពីដំណើរការវិញ បន្ទាប់ពីការចុះឈ្មោះដំណាក់កាលដំបូងបង្អស់ ក្រុមហ៊ុននឹងពិនិត្យមើលថាតើក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ អ្នកណាខ្លះដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ទើបទូរស័ព្ទហៅឲ្យដាក់ឯកសារបន្ថែម ដូចជា អត្តសញ្ញាណគ្រួសារ សៀវភៅគ្រួសារ លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងប័ណ្ណមន្ត្រីរាជការ ជាដើម ។ល។
ចំណុចពិសេសមួយទៀត ដែលលោកឧកញ៉ា នួន រិទ្ធី សូមបញ្ជាក់ផងដែរ គឺថា រាល់ការអញ្ជើញអតិថិជនដែលមានគុណវឌ្ឍមកបំពេញឯកសារបន្ថែម គឺធ្វើដោយតម្លាភាព ពោលគឺទៅតាមលេខរៀងនៃការចុះឈ្មោះ ដោយមានក្រុមហ៊ុន និងក្រសួងអាណាព្យាបាលនៃគម្រោងនេះ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកចូលរួមពិនិត្យផ្ទាល់ផងដែរ។
គួររំឭកដែរថា គម្រោងលំនៅដ្ឋានសាធារណៈនេះ ក្នុងជំហានទី១ គ្រោងនឹងត្រូវចំណាយប្រាក់សាងសង់ប្រមាណជា ៦០លានដុល្លារអាមេរិក ដោយធ្វើការសាងសង់នៅលើផ្ទៃដី២៤ហិកតា មានចំនួន ២២៩៧ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ៕