គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ ដែលជាផែនការមេរបស់ប្រទេសចិនសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុប ហើយខ្លួនទទួលបានឥទ្ធិពលវិញពីតំបន់ទាំងនោះ។
ប៉ុន្តែ ទិន្នន័យដែលបានចេញផ្សាយថ្មីៗ បង្ហាញថា តិចជាងពាក់កណ្តាលនៃហិរញ្ញប្បទានទាំងនោះបានទៅដល់សេដ្ឋកិច្ចអាស៊ីនៅតាមបណ្តោយផ្លូវរបស់គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ។
ខ្សែក្រវាត់មួយ ផ្លូវមួយ គឺជាចក្ខុវិស័យរបស់ចិនក្នុងការស្ដារឡើងវិញនូវផ្លូវសូត្រ ដែលឆ្លងកាត់តំបន់អាស៊ីកណ្តាល ក៏ដូចជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយផ្លូវសមុទ្រពីចិន តាមរយៈសមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា ទៅកាន់អឺរ៉ុប។
យោងតាមវិទ្យាស្ថាន ប្រ៊ុគឃីង ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ការផ្តល់ប្រាក់កម្ចីរបស់ចិនហាក់ដូចជាមានលក្ខណៈរាយប៉ាយតាមភូមិសាស្ត្រ។
ទិន្នន័យបង្ហាញពីអ្នកខ្ចីប្រាក់ច្រើនជាងគេ ២០ប្រទេស ពីចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៤ ដែលមានចំនួនប្រទេសតិចតួចដែលស្ថិតនៅលើខ្សែក្រវាត់មួយ ផ្លូវមួយ ដែលមានដូចជា ប្រទេសកាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី ឡាវ កម្ពុជា ស្រីលង្កា ប៉ាគិស្ថាន និង អ៊ីរ៉ង់។
ក៏ប៉ុន្តែមានប្រទេសអាហ្រ្វិកច្រើនជាងបណ្តាប្រទេសអាស៊ីដែលមិនស្ថិតនៅលើខ្សែក្រវាត់មួយ ផ្លូវមួយ ពីចិនទៅអឺរ៉ុប ដែលបានទទួលហិរញ្ញប្បទានពីទីក្រុងប៉េកាំងទៅវិញ។
ទិន្នន័យបានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក ប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ ផ្តោតលើវិស័យការដឹកជញ្ជូន និងការផលិតអគ្គិសនី។
ប្រទេសកម្ពុជាបានស្ថិតក្នុងចំណោមប្រទេស១០ ដែលចិនពេញចិត្តផ្តល់លុយជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ នេះបើយោងតាម AidData ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវមានមូលដ្ឋាននៅប្រទេសស្កុតឡែន។
យោងតាមតួលេខនេះ កម្ពុជាស្ថិតក្នុងលំដាប់ទី៨ ទទួលបានជំនួយជាង ៣ពាន់លានដុល្លារពីប្រទេសចិន ហើយស្ថិតនៅលើប្រទេសស្រីលង្កា និងហ្គាណា។
ប្រទេសដែលស្ថិតលើគេ គឺប្រទេសគុយបា និងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកដែលមានទឹកប្រាក់ចន្លោះពីជាង ៦ពាន់លានដុល្លារ ទៅជាង ៣ពាន់លានដុល្លារ។
នៅកម្ពុជា គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ គឺមាននៅក្នុងឧទ្យានជាតិព្រះសីហនុរាម ដែលក្រុមហ៊ុនចិន យិៈចៀ ថូរីស្សឹម ឌីវេឡុបមេន (ខេមបូឌា) កំពុងតែអភិវឌ្ឍគម្រោងរាប់ពាន់លានដុល្លារ។
យោងតាមផែនការគម្រោងនេះ ក្រុមហ៊ុនចិនយិៈចៀ ថូរីស្សឹម ឌីវេឡុបមេន (ខេមបូឌា) និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បុរី វីឡា មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ម៉ូតែល មណ្ឌលកម្សាន្ត និងមណ្ឌលកីឡា លើទំហំដី ៣៣០០ហិកតា ដោយធ្វើការអភិវឌ្ឍជា ៤ ដំណាក់កាល ហើយមួយដំណាក់កាលៗ មានរយៈពេល ៥ឆ្នាំ៕