ខេត្តព្រះសីហនុ ៖ កំណើននៃការវិនិយោគផ្ទាល់ពីបរទេសបានធ្វើឲ្យតម្លៃដីក្នុងខេត្តព្រះសីហនុកើនឡើងទ្វេដង ដែលគាំទ្រដោយសារកំណើននៃការវិនិយោគក្នុងវិស័យឧស្សាហកម្មរបស់ខេត្ត ក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានឲ្យដឹងនៅក្នុងសប្តាហ៍នេះថា តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុបានកើនឡើងទ្វេដង ដោយដីនៅតំបន់ឆ្នេរមានតម្លៃចាប់ពី៤៥០ទៅ២.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេនោះ គឺស្ថិតនៅក្បែរឆ្នេរអូឈើទាល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ចំណែកឯដីដែលមានតម្លៃទាបជាងគេ គឺស្ថិតក្នុងតំបន់ឆ្នេរអូត្រេះ ។ រីឯតម្លៃដីក្នុងក្រុងវិញ វាមានតម្លៃចន្លោះពី២០០ទៅ៧៥០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយដីលំនៅឋានវិញមានតម្លៃចាប់ពី១២០ដល់៣០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
ការសិក្សាដដែលបានរកឃើញថា ការហក់ឡើងនូវតម្លៃដីនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការកើនឡើងនូវលំហូរវិនិយោគផ្ទាល់ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ។ ការវិនិយោគបានផ្តោតលើផ្នែកបដិសណ្ឋារកិច្ច រមណីយដ្ឋាន គម្រោងលំនៅឋាន និងការកើនឡើងនូវចំនួនរោងចក្រ ដោយផ្ដោតសំខាន់លើតំបន់សេដ្ឋកិច្ចពិសេស ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំទឹកប្រាក់វិនិយោគបានកើនដល់៣១០លានដុល្លារ ។
ទន្ទឹមនឹងតម្លៃដីកើនឡើងក្នុងខេត្តព្រះសីហនុនេះ ទីផ្សារឧស្សាហកម្មក្នុងខេត្តក៏មានការឈានមុខខ្លាំងផងដែរ ។ ខេត្តនេះបានក្លាយជាទីតាំងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសជាច្រើន និងជាខេត្តដែលមានឧស្សាហកម្មធំជាងគេបំផុតនៅកម្ពុជា ហើយក៏ជាខេត្តមួយស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រទេសចិនផងដែរ ។
កត្តាដែលជំរុញកំណើនអភិវឌ្ឍន៍ក្នុងខេត្តនេះ ដោយសារសន្ទុះរីកចម្រើននៃវិស័យឧស្សាហកម្ម ដែលបណ្ដាលមកពីការតភ្ជាប់ដោយផ្ទាល់ពីផែសមុទ្រទឹកជ្រៅ គោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាស១៣០ ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ២ម៉ឺននាក់ ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុ បានកើនឡើងយ៉ាងខ្លាំង និងស្ទើរមិនគួរឲ្យជឿ ។ ហេតុនេះ អ្នកមានដីធ្លីសម្រាប់លក់ គួរលក់ឲ្យហើយទៅ នៅពេលមានតម្រូវការ និងកំណើនខ្ពស់បែបនេះ ។
លោកបន្តថា វាជាឱកាសល្អសម្រាប់អ្នកមានដីសម្រាប់លក់ ខណៈចរន្តនៃការវិនិយោគក្នុងខេត្តនេះកំពុងកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោក ឡៅ ហេង ដែលកំពុងប្រែក្លាយសណ្ឋាគាររបស់លោក ជាកាស៊ីណូក្នុងខេត្តនេះបានថ្លែងថា លោកមើលឃើញចលនា និងសកម្មភាពនៃការទិញលក់ដីធ្លីបានកើនឡើងខ្លាំង ហើយបានធ្វើឲ្យតម្លៃដីហក់ឡើងខ្ពស់ ប៉ុន្តែលោកបានសម្តែងការព្រួយបារម្ភពីការហក់ឡើងនេះ ដោយសារគោលនយោបាយរបស់ប្រទេសចិនអាចប្រែប្រួល ។ ផ្ទុយទៅវិញ ប្រសិនជាវិនិយោគិនចិនមកបោះទុនធំៗសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំក្នុងខេត្តនេះ ជាអ្វីដែលអាចឲ្យយើងមានទំនុកចិត្តបាន ប៉ុន្តែបច្ចុប្បន្ន ទំនុកចិត្តមិនទាន់មានច្រើននៅឡើយទេ ។
លោកបន្តថា ៖« យើងស្វាគមន៍ការវិនិយោគផ្ទាល់ពីប្រទេសចិន ដែលវានឹងជួយឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងខេត្តកើនឡើង ប៉ុន្តែយើងត្រូវប្រាកដថា ការវិនិយោគទាំងនោះជាការវិនិយោគរយៈពេលវែង » ៕