Hot line: +855 (0)99 283 388
● You are in: Media > Detail News
បច្ចុប្បន្ន ពលរដ្ឋ​ទិញ​លំនៅ​ឋាន​ថ្លៃ​ក្រោម​10​ម៉ឺន​ដុល្លារ​កើនឡើង
Date: 2017-10-15

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​មើលឃើញ​ថា ក្នុង​បរិបទ​សព្វ​ថ្ងៃនេះ ពលរដ្ឋ​ភាគច្រើន​មាន​លទ្ធភាព​ទិញ​ផ្ទះ​តម្លៃ​ក្រោម​១០​ម៉ឺន​ដុល្លារ ហើយ​អ្នក​អភិវឌ្ឍន៍​គម្រោង​សាងសង់​ក៏​មានការ​ផ្គត់ផ្គង់​ច្រើន​ដែរ ។

បើ​តាម​នាយក​ក្រុមហ៊ុន Century 21 បានឱ្យ​ដឹង​ថា បច្ចុប្បន្ន កំណើន​អ្នកមាន​ជីវភាព​មធ្យម​ដែល​រស់នៅ​រាជធានី​ភ្នំពេញ បាន​កើន​ឡើងជា​បន្ដបន្ទាប់ ហើយ​តម្រូវការ​លំនៅ​ឋាន​ស្នាក់​នៅ​ក៏​កំពុង​កើនឡើង​ដែរ ជា​ពិសេស​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ក្រោម​១០​ម៉ឺន​ដុល្លារ គឺ​កំពុង​មានការ​គាំទ្រ​ច្រើន ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៣ តុលា ម្សិលមិញ​ថា ៖« ដោយសារ​មាន​កំណើន​ពលរដ្ឋ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ច្រើន ហើយ​កម្រិតជីវភាព​សមរម្យ អីចឹង ផ្ទះ​ដែល​មាន​តម្លៃ​មធ្យម​ពី​៥​ទៅ​១០​ម៉ឺន​ដុល្លារ គឺ​មាន​អតិថិជន​ទិញ​ច្រើន​សម្រាប់​រស់នៅ ។ ជា​ទូទៅ ទីផ្សារ​ផ្ទះ​តម្លៃ​ពី​៥​ទៅ​១០​ម៉ឺន​ដុល្លារ គឺ​កំពុង​តែ​មាន​ទីផ្សារ » ។

ជាមួយនឹង​តម្រូវការ​លំនៅ​ឋាន​តម្លៃ​ក្រោម​១០​ម៉ឺន​ដុល្លារ​នេះ​កំពុង​មាន​ទីផ្សារ អ្នក​អភិវឌ្ឍន៍​នានា​ក៏​កំពុង​សាងសង់​គម្រោង​ឲ្យ​ស្រប​នឹង​តម្រូវការ​របស់​អតិថិជន​ផង​ដែរ ដោយ​សង់​ជា​បុរី​ផ្ទះល្វែង​យ៉ាងច្រើន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ។

លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​មើលឃើញ​ថា ការ​សាងសង់​ផ្ទះ​ជា​រួម​នៅ​តាម​បុរី គេ​ធ្វើ​ផ្ទះ​មាន​តម្លៃ​ធូរ​ថ្លៃ និង​មធ្យម​ច្រើន​ជាង​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​បច្ចុប្បន្ន មាន​អ្នក​សាងសង់ និង​អ្នកទិញ​លក់​ក៏​ច្រើន​ដែរ » ។

លោក​បន្ត​ថា ៖« ការ​វិនិយោគ ជា​ធម្មតា​ដូច​គ្នា​នឹង​ការ​ទិញ​លក់​ដែរ គេ​វិនិយោគ​មើលទៅ​លើ​អតិថិជន បើ​តម្រូវការ​ក្នុង​ផ្នែក​ណា​ច្រើន គេ​នឹង​វិនិយោគ​លើ​ផ្នែក​នោះ ។ ដូច្នេះ ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​១០​ម៉ឺន​ដុល្លារ វា​ធ្វើ​ឱ្យ​ការ​ទិញ​ដូរ​មាន​ច្រើន​នា​ពេល​បច្ចុប្បន្ន ហើយ​នៅ​ក្នុង​គម្រោង​របស់​អ្នក​អភិវឌ្ឍន៍ ក៏​ធ្វើ​ច្រើន​ជាងគេ​ដែរ » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting មាន​ប្រសាសន៍​ថា ៖«​ការ​ផ្គត់ផ្គង់ គឺ​មើលទៅ​លើ​ចំណូល​របស់​ពលរដ្ឋ ។ បច្ចុប្បន្ន អ្នកមាន​ចំណូល​មធ្យម​កើនឡើង អ្នក​ផ្គត់ផ្គង់​ខុន​ដូ និង​ផ្ទះ​ដែល​មាន​តម្លៃលើស​៥​ម៉ឺន​ដុល្លារ​ឡើង ក៏​មាន​ច្រើន​ដែរ ។ ចំណែក​លំនៅ​ឋាន​ត្រឹម​៤​ម៉ឺន​ដុល្លារ​ចុះ​ក្រោម ទីផ្សារ​នៅ​មាន​សក្តានុពល​និង​មាន​ត្រូវការ​ធំ ដូច្នេះ បើ​អ្នក​អភិវឌ្ឍន៍​ចាប់​យក​ទីផ្សារ​នេះ ជា​ការ​ល្អ អាច​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​មួយ​នេះ​រឹង​មាំ​បាន » ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners