Hot line: +855 (0)99 283 388
● You are in: Media > Detail News
ការ​ទិញ​លក់​ដីធ្លី​ជុំវិញ​បឹង​កប់​ស្រូវ​កំពុង​តែ​សកម្ម ខណៈ​តម្លៃ​នៅ​ទាប
Date: 2017-10-15

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន នៅ​តំបន់​បឹង​កប់​ស្រូវ នា​បែក​ពាយ័ព្យ​នៃ​រាជធានី ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​អ្នក​ដើរ​ទិញ​ដីធ្លី​ដើម្បី​ពុះ​ជា​ឡូត៍​លក់​កាន់តែ​សកម្ម​ខ្លាំង​ឡើង ហើយ​ក៏​មាន​អ្នក​វិនិយោគ​ខ្លះ​រក​ដី​ទិញ​ទំហំ​ធំ​ៗ​ដើម្បី​សាងសង់​ជា​រោងចក្រ និង​ឃ្លាំង​ផង​ដែរ ខណៈ​តម្លៃ​ដី​នៅ​ទីនោះ​ហាក់​ទាប​នៅឡើយ ។ នេះ​បើ​តាម​អ្នករក​ស៊ីក្នុង​វិស័យ​នេះ ។

លោក ជា កុយ ប្រធាន​ក្រុមការងារ​ពុះ​ដី​ឡូត៍​លក់​បានឱ្យ​ដឹង​ថា ពេល​នេះ សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​ម្ដុំ​បឹង​កប់​ស្រូវ ជា​ពិសេស​នៅ​ម្ដុំ​តំបន់​ភ្នំ​រាប និង​ភ្នំ​ប្រសិទ្ធិ កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង ដោយសារ​តែ​តំបន់​នោះ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​រាជរដ្ឋាភិបាល​ក៏​គ្រោង​នឹង​កាត់​ចូល​ក្នុង​រដ្ឋបាល​រាជធានី​នា​ពេល​ខាង​មុខ​ផង​ដែរ​។ ម្យ៉ាងទៀត តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​ក៏​នៅ​ទាប ដែល​អាច​សម្រួល​ច្រើន​ដល់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ជា​ពិសេស​តម្លៃ​ដី​ឡូត៍​ទិញ​ហើយ អាច​បង់​រំលស់​បាន​ទៀត​ផង ។ អ្វី​ដែល​ពិសេស​ទៀត​នោះ តំបន់​នៅ​ជិត​បឹង​កប់​ស្រូវ​ជា​តំបន់​ដែល​មិន​លិច​ទឹក ហើយ​ចរាចរណ៍​ក៏​មិន​កកស្ទះ​ដូច​នៅ​តំបន់​ផ្សេង​ៗ​ជុំវិញ​រាជធានី​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នករក​ដី​សម្រាប់​សង់ផ្ទះ ឬ​គម្រោង​ផ្សេង​ៗ ។

លោក​ថា ៖« អនាគត​នៃ​តំបន់​ជុំវិញ​បឹង​នេះ ពិសេស​នៅ​ម្ដុំ​ភ្នំ​ប្រសិទ្ធិ និង​ភ្នំ​រាប​ជាដើម​នោះ នឹង​ក្លាយជា​តំបន់ឧស្សាហកម្ម​ដ៏​មមាញឹក​មួយ ព្រោះ​មាន​គម្រោង​ធំ​ៗ​របស់​អ្នកមាន​ទុន​មួយ​ចំនួន​នៅ​កម្ពុជា ក៏​កំពុង​ដំណើរការ​ហើយ​ដែរ ដែល​យ៉ាង​យូរ រយៈពេល​៤​ឬ​៥​ឆ្នាំ​ទៀត គម្រោង​ទាំងនោះ នឹង​ដំណើរការ » ។

លោក​បន្ត​ទៀត​ថា តម្លៃ​ដី​នៅ​តំបន់​នោះ​បាន​ឡើង​បន្តិច​ម្ដង​ៗ ខណៈ​សកម្មភាព​ទិញ​លក់​ក៏​មាន​ច្រើន ។ ជាក់ស្ដែង អ្នកទិញ​ដី​ឡូត៍​កាលពី​ប៉ុន្មាន​ខែ​មុន​ត្រឹមតែ​២​ឬ​៣​ពាន់​ដុល្លារ ពេល​នេះ​បើ​លក់​វិញ អាច​ចំណេញ​រហូត​ដល់​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឡូត៍ ។

លោក​និយាយ​ថា ៖« ស្រប​ពេល​សកម្មភាព​វិនិយោគ​ដីធ្លី​នៅ​ទីនោះ​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ក៏​មើលឃើញ​ថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​មានការ​រៀបចំ​បាន​ស្អាត​ល្អ​ដែរ ទាំង​ប្រព័ន្ធ​ផ្លូវថ្នល់ ទឹក និង​ភ្លើង​ជាដើម » ។ លោក​ថា ៖« នៅ​ថ្ងៃ​អនាគត តំបន់​នោះ​ជា​កន្លែង​បណ្ដុំ​ដោយ​រោងចក្រ សហគ្រាស និង​ជា​កន្លែង​សម្រាប់​អ្នកមាន​ចំណូល​មធ្យម​រស់នៅ​។ ម្យ៉ាងទៀត ពេល​នេះ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​សម្លឹង​រក​ការ​វិនិយោគ​ទៅ​លើ​សាលារៀន និង​មន្ទីរពេទ្យ​ដែរ ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ ដែល​នឹង​កើនឡើង​នៅ​ពេល​អនាគត​ដ៏​ខ្លី​នេះ » ។

បើ​តាម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​បាន​លើក​ឡើង​ថា និន្នាការ​តម្លៃ​ដីធ្លី​នៅ​កណ្ដាល​ក្រុង​បាន​ឡើងថ្លៃ​ខ្ពស់ ដែល​មិន​អាច​ឲ្យ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​ទិញ ឬ​សម្រាប់​សង់ផ្ទះ​នៅ​កណ្ដាល​ក្រុង​បាន​ទេ ។

ដូច្នេះ សកម្មភាព​ពុះ​ដី​ឡូត៍​លក់​នៅ​ជាយ​រាជធានី ឬ​តំបន់​តាម​ខេត្ត​ជាប់​រាជធានី គឺជា​រឿង​ល្អ​មួយ ដែល​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព​ទិញ​សម្រាប់​សង់ផ្ទះ​បាន ។ ម្យ៉ាងទៀត ការ​ទិញ​ដី​ឡូត៍​នៅ​តាម​ខេត្ត​ជាប់​រាជធានី ក៏​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​អ្នក​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់ ដោយ​ធ្វើការ​ទិញ​បង់​រំលស់​ប្រចាំខែ​បាន ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Marketing Consulting បានឱ្យ​ដឹង​ថា ការ​ទិញ​អចលនទ្រព្យ​ដោយ​បង់​រំលស់ វា​មាន​សារសំខាន់​ចំពោះ​អ្នក​ដែល​គ្មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​បង់​ផ្ដាច់ ហើយ​និន្នាការ​នេះ​បាន​កើតឡើង​នៅ​កម្ពុជា​។ ជាក់ស្ដែង ការ​ទិញ​គម្រោង​ខុន​ដូ ក៏​មានការ​បង់​រំលស់ ការ​ទិញ​ផ្ទះ​ក៏​បង់​រំលស់ ហើយ​ការ​ទិញ​ដី​ឡូត៍​នេះ ក៏​បង់​រំលស់​ដូច​គ្នា​ដែរ​។ វា​បាន​ជួយ​សម្រួល​ច្រើន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម ដែល​ស្វែងរក​ដីធ្លី​សម្រាប់​សង់ផ្ទះ​រស់នៅ ។

លោក គឹ​ម សេង ពលរដ្ឋ​ដែល​បាន​ទិញ​ដី​បង់​រំលស់​នៅ​តំបន់​បឹង​កប់​ស្រូវ បាន​ឲ្យ​ដឹងផង​ដែរ​ថា បើ​តាម​កម្រិត​ប្រាក់​ចំណូល​របស់​លោក មិន​អាច​ឲ្យ​លោក​ទិញ​ផ្ទះ ឬ​ដី​បង់​ផ្ដាច់​បាន​ទេ ។ ដូចនេះ ជម្រើស​របស់​លោក គឺ​ទិញ​ដី​បង់​រំលស់ ហើយ​លោក​ក៏​បាន​សម្លឹង​មើលឃើញ​ទីតាំង​នៅ​តំបន់​ខាងលិច​កប់​ស្រូវ ដោយសារ​តែ​តំបន់​នោះ​ទើប​អភិវឌ្ឍន៍​ថ្មី​ៗ ហើយ​តម្លៃ​ដី​នៅ​ទាប ។ ម្យ៉ាងទៀត បើ​ពេល​អនាគត លោក​មិន​ចង់ទៅ​សង់ផ្ទះ​រស់នៅ​ទីនោះ ក៏​អាច​លក់​ដី​ឡូត៍​វិញ​បាន​ចំណេញ​ខ្លះ​ៗ​ដែរ ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ Khmer Founder Appraisal បានឱ្យ​ដឹង​ថា វា​ជា​ការ​ពិត​ហើយ ដែល​ការ​អភិវឌ្ឍ​ត្រូវ​រីកសាយ​ទៅ​កាន់​តំបន់​ជាយ​ៗ​រាជធានី ហើយ​ការ​រីក​ចម្រើន​ក៏​មិន​ដូច​គ្នា​ដែរ មាន​តំបន់​ខ្លះ​រីក​ខ្លាំង ឯ​តំបន់​ខ្លះ​ទៀត​រីក​ចម្រើន​មធ្យម​។ លោក​ឧកញ៉ា​ថា ៖« ការ​រីក​ចម្រើន​ទៅ​តាម​ជាយ​ៗ​រាជធានី ដោយសារ​តែ​ដីធ្លី​នៅ​តំបន់​ទាំងនោះ​នៅ​មាន​តម្លៃ​ទាប » ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners