ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់អ្នកបន្តវេនកុំភ្លេច និងត្រូវគិតគូរពីការប្រើប្រាស់ ឬវិភាជន៍ថវិការជាតិដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យមានសមធម៌ ដែលជាចំណុចត្រូវតែក្តាប់ឱ្យបាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ទៅកាន់អ្នកបន្តវេនសូមកុំភ្លេចប្រើប្រាស់ ឬវិភាជន៍ថវិកាជាតិទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដូចជាការកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ដើម្បីធានាថា ផ្លែផ្កា នៃការអភិវឌ្ឍបានទៅដល់ពលរដ្ឋ។

ទោះជាយ៉ាងណា ត្រង់ចំណុចនេះ សម្តេចតេជោបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ សម្តេចមិនទាន់ទៅណាទេ តែគ្រាន់តែជាឧទាហរណ៍ទេ ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងផងដែរថា ត្រូវធ្វើការបែងចែកផ្លែផ្លានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ត្រង់ចំណុចនេះត្រូវក្តាប់ឱ្យជាប់ ក្នុងពេលដឹកនាំប្រទេស ឬក៏ដឹកនាំ គ្រប់គ្រងស្ថាប័នដែលទាក់ទងការរៀបចំគោលនយោបាយនៃការអភិវឌ្ឍ។

សម្តេចតេជោថ្លែង «ពាក្យដែលនិយាយការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ គឺខ្ញុំចង់សំដៅការវិភាជន៍ថវិកាទាំងឡាយ ដើម្បីបម្រើឱ្យមនុស្សទាំងអស់គ្នា។ អីចឹងទាក់ទងនឹងការធ្វើផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក គឺទាក់ទងនឹងការបែកចែងថវិកាដោយសមធម៌»។

បើតាមសម្តេច តេជោ ហ៊ុន សែន  ជាក់ស្តែងស្ពានដែលកំពុងតែដាក់សម្ពោធដាក់ឱ្យដំណើរការនេះ គឺមិនឆ្លងតែអ្នកមានទេ គឺឆ្លងទាំងអ្នកមានក៏ឆ្លង និងអ្នកក្រឆ្លង ក្នុងនោះមានមន្ទីរពេទ្យ សាលារៀន ទាំងអ្នកមាន និងអ្នកក្រអ្នកណាក៏ត្រូវចូលដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា អ្វីដែលត្រូវចាយលុយគឺចាយ ប៉ុន្តែអ្វីដែលមិនត្រូវចាយកុំចាយទុកលុយត្រៀមសម្រាប់ពេលត្រូវការ៕