ភ្នំពេញ ៖ រយៈពេល ៤ ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធ-អាករចំនួន ៦,៤៤២.៥៤ ពាន់លានរៀល (ប្រមាណជា ១,៥៩០.៧៥ លានដុល្លារ) ស្មើនឹង ៤៤.៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ ដែលចេញកាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤.៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣.១១ លានដុល្លារ) ស្មើនឹង ៦.៨១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

សរុបរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦,៤៤២.៥៤ ប៊ីលានរៀល (ប្រមាណជា ១,៥៩០.៧៥ លានដុល្លារ) ស្មើនឹង ៤៤.៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល បានថ្លែងថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើ ប្រាក់ចំណូល ប្រចាំឆ្នាំ២០២២៕