ភ្នំពេញ ៖  ខេត្តសៀមរាបនឹងមានទីក្រុង 3 សំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្ត និងកំណើនភ្ញៀវទេសចរនៅពេលអនាគត ព្រោះទីក្រុងចាស់មិនអាចឆ្លើយតបតម្រូវកាតបាននោះទេ។

ក្នុងជំនួបពិភាក្សាជាមួយប្រតិភូអ្នកនយោបាយវ័យក្មេងនៃសាលា Konrad Adenauer មកពីបណ្តាប្រទេសអាស៊ីចំនួន10 កាលពីពេលកន្លងទៅថ្មីៗនេះ លោក អ៉ឺង គឹមលាង អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តនឹងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធថ្មីមួយតាមរយៈការអភិវឌ្ឍន៍ទីក្រុងថ្មី2 បន្ថែមទៀត  ហើយទីក្រុងចាស់នឹងធ្វើការថែរក្សាទៅតាមទំនើបកម្មប្រព័ន្ធជីឌីថល។

លោកបន្តថា ចំពោះទីក្រុងថ្មី (ទីក្រុងរុនតាឯក) ដែលប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ប្រព័ន្ធទឹក ភ្លើង ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ផ្សារ សាលារៀន  ព្រមទាំងទីក្រុងថ្មីមួយទៀត ស្ថិតនៅជិតអាកាសយានដ្ឋានថ្មី ដែលរៀបចំដោយអង្គការJica ក្នុងការអភិវឌ្ឍនិងរៀបចំ។

បើតាម លោក អ៉ឹង គឹមលាង ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក សន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។ កត្តានេះហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អំណោយជាថវិកា150 លានដុល្លា ក្នុងការស្ថាបនាផ្លូវ38ខ្សែ និង ប្រព័ន្ធលូក្រោមដី និង ការស្តារស្ទឹងសៀមរាបឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប។

លោក Andreas Michael Klein នាយកកម្មវិធីនយោបាយប្រចាំតំបន់អាស៊ី របស់មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែ ដែលមាបានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើកិច្ចអភិវឌ្ឍន៍ក្រុងសៀមរាបឱ្យកាន់តែមានសោភ័ណភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រមួយនេះ។

លោកក៏បានបញ្ជាក់ថា ក្រុមប្រតិភូចូលជួបសម្តែងការគួសមជាមួយអាជ្ញាធរខេត្តសៀមរាប ដើមី្បសិក្សាស្វែងយល់អំពីរបៀបរបបការងារលើការអនុវត្តអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ នៃខេត្តសៀមរាប ដោយបានផ្តោតសំខាន់លើវិស័យទេសចរណ៍ក្នុងខេត្ត បញ្ហានៅពេលជួបវិបត្តិជំងឺកូវីដ-19 និង ការងារអប់រំសិក្សាក្នុងបរិបទកូវីដ-19 ព្រមទាំងការចូលមកវិនិយោទុននៅក្នុងខេត្ត និង ការគ្រប់គ្រងថវិកាក្នុងការលក់សំបុត្រចូលទស្សនាអង្គរ និងអំពីសហគ្រិនវ័យក្មេង ព្រមទាំងអំពីចរន្តការងាររដ្ឋបាលខេត្តផងដែរ៕