ភ្នំពេញ៖ ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលំនៅឋានមានការរីកលូតលាស់ខ្លាំងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ចន្លោះឆ្នាំ2017 ដល់ 2022, ចំនួនលំនៅឋានដែលមានលក្ខណៈជាបុរីបានកើនឡើងជាងទ្វេរដង ពោលកើនពី 4,592 ល្វែង ដល់ 11,817 ល្វែង ហើយចំនួនលំនៅឋានជាប្រភេទខុនដូបានកើនពី 8,507យូនីត ដល់ 32,9 42 យូនីត។

គិតត្រឹមខែមីនា ឆ្នាំ2023 ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបានកើនឡើងរហូតដល់ 175 ក្រុមហ៊ុន (98 ជាបុរី, 75 ជាខុនដូ និង 2ជាខុនដូផង និងបុរីផង) ដែលការរីកចម្រើននៃវិស័យនេះត្រូវបានជំរុញដោយ៖ (1) កំណើនតម្រូវការលំនៅឋានជាក់ស្តែងរបស់ប្រជាពលរដ្ឋ ស្របនឹងនិន្នាការនៃកំណើនប្រជាជន, (\2) រំហូរវិនិយោគផ្ទាល់ពីបរទេស ជាពិសេស ប្រទេសចិន និង (3) កំណើនសកម្មភាពបរិកប្បកម្មក្នុងវិស័យអចលនទ្រព្យ (សកម្មភាពនៃ ការទិញអចលនទ្រព្យសម្រាប់លក់យកចំណេញនាពេលអនាគត) ដោយហេតុថា ការវិនិយោគលើវិស័យនេះនា ពេលកន្លងមក ពោលមុនវិបត្តិនៃជំងឺកូវីដ-19 ទទួលបានផលចំណេញខ្ពស់។

ស្របនឹងនិន្នាការនៃកំណើននេះ, ឥណទានដែលផ្តល់ទៅវិស័យសំណង់ និងអចលនទ្រព្យ ក៏បានកើនឡើងខ្លាំងរហូតដល់ជិត 4ដង ពោល កើនពីប្រមាណ 4,3 ពាន់លានដុល្លារអាមេរិក ស្មើនឹង ២០,៣% នៃឥណទានឯកជនសរុបចំនួន 21,2 ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ 2017 ដល់ ប្រមាណ 16 ពាន់លានដុល្លារអាមេរិក ស្មើនឹង 28,2% នៃឥណទានឯកជនសរុបចំនួន 57 ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ2022។

ក្នុងចំណោម 16 ពាន់លានដុល្លារអាមេរិក ផ្ដល់ទៅវិស័យសំណង់ និងអចលនទ្រព្យ ឥណទានចំនួន 6,6 ពាន់លានដុល្លារអាមេរិកផ្តល់ទៅការទិញលំនៅឋានផ្ទាល់ខ្លួន, ឥណទានចំនួន 4,4 ពាន់លានដុល្លារអាមេរិកផ្តល់ទៅអាជីវកម្មអចលនទ្រព្យ និងឥណទានចំនួន 4,9 ពាន់លានដុល្លារអាមេរិកផ្សេង ទៀតផ្ដល់ទៅសកម្មភាពសំណង់។

ជាមួយគ្នានេះ ឥណទានដែលផ្តល់ទៅផ្នែកលំនៅឋានជាប្រភេទបុរីមានចំនួន 5 ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ 1,3 ពាន់លានដុល្លារអាមេរិកផ្ដល់ទៅសកម្មភាពសាងសង់, 3 ពាន់លាន ដុល្លារអាមេរិកផ្តល់ទៅការទិញផ្ទះផ្ទាល់ខ្លួន, និង 700 លានដុល្លារអាមេរិកផ្តល់ទៅអាជីវកម្មអចលនវត្ថុ។

យោងតាមការពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ឥណទានចំនួន 7 ពាន់ លានដុល្លារអាមេរិក សម្រាប់ទិញផ្ទះផ្ទាល់ខ្លួន ទាំងសម្រាប់លំនៅឋានជាបុរី និងអចលនវត្ថុផ្សេងទៀត ត្រូវបានចាត់ទុកថាជាឥណទាន ដែលមានកម្រិតហានិភ័យទាប ត្បិតប្រជាពលរដ្ឋដែលទទួលបានឥណទាននេះត្រូវឆ្លងកាត់ការវាយតម្លៃលទ្ធភាព សងត្រលប់ និងប្រាក់ចំណូល ដោយគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្ដល់កម្ចីនោះយ៉ាងហ្មត់ចត់។

ទោះជាយ៉ាងណា ទន្ទឹមនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 5 ឆ្នាំ ដូចដែលបានគោរពជម្រាបជូនខាងលើ, ក្នុងរយៈពេល 1 ឆ្នាំចុងក្រោយនេះ, វិស័យសំណង់ និងអចលនទ្រព្យ បានបង្ហាញនូវសញ្ញាថមថយគួរឱ្យកត់សម្គាល់។ ជារួម, វិស័យសំណង់ និងអចលនទ្រព្យជាពិសេសផ្នែកបុរីបាន និងកំពុងជួបប្រទះបញ្ហាប្រឈមធំៗចំនួនរួមមាន៖ ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយតម្រូវការនៃវិស័យអចលនទ្រព្យ ការកើនឡើងឥណទានក្រៅប្រព័ន្ធធនាគារ ភាពមានកម្រិតនៃការគ្រប់គ្រង និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងកង្វះប្រមូលផ្តុំ និងការចែករំលែក ទិន្នន័យអចលនទ្រព្យរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ៕