កំពង់ចាម ៖ គម្រោងសាងសង់ស្ពានឆ្លងព្រែក តភ្ជាប់ភូមិតាមល់ និងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានតម្លៃ ៩៥,០០០ដុល្លារ មានទំហំទទឹង៦ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងអាចទ្រទម្ងន់បាន៦០តោន ត្រូវបានប្រារព្វពិធីសម្ពោធបើកការដ្ឋានបុកគ្រឹះសាងសង់ហើយនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រោមការអធិបតីភាពរបស់ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះធម្មធរគណខេត្ត, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា, លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ អ៊ាត ណារី និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិបានមានប្រសាសន៍ថា ការសាងសង់ស្ពានឆ្លងព្រែកដែលមានទីតាំងដូចបានបង្ហាញជូនខាងលើនេះកើតឡើងពីការចូលរួមពីបណ្តាសប្បុរសជន អាជ្ញាធរក្នុងនិងក្រៅតំបន់ ព្រមទាំងពុទ្ធបរស័ទជិតឆ្ងាយជាច្រើននាក់តាមរយៈការប្រារព្វពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់សាងសង់ដែលមានចំនួនប្រមាណ ៩៥,០០០ដុល្លារ។

ឯកឧត្តមបានបន្តថា ក្រោយពេលសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងព្រែកដែលមានប្រវែង៣០ម៉ែត្រមួយនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅក្នុងតំបន់កាន់តែមានភាពងាយស្រួល បម្រើជាប្រយោជន៍យ៉ាងលើសលប់ចំពោះប្រជាពលរដ្ឋទូទៅដែលអាចជាចលករដ៏សំខាន់ក្នុងការជួយលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាជន។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារសំខាន់ និងភាពចាំបាច់ខ្លាំងណាស់សម្រាប់បម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបអាជីវកម្មផ្នែកដឹកជញ្ជូន។ ដោយឡែកសម្រាប់ការកៀរគរប្រមូលបច្ច័យ និងធនធានជាថវិកាសម្រាប់ការសាងសង់ស្ពានមួយនេះ គឺជាសកម្មភាពមួយដ៏ល្អប្រសើរក្នុងនាមជាសប្បុរសជន និងជាប្រជាពលរដ្ឋល្អក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលលោកកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ និងវិនិយោគដោយផ្ទាល់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគផងដែរ។

សូមជម្រាបផងដែរថា បុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីកៀរគរប្រមូលបច្ច័យដើម្បីសាងសង់ស្ពានឆ្លងព្រែកមួយនេះបានផ្តួចផ្តើមឡើងដោយ ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្តកំពង់ចាម និងជាព្រះគ្រូសិរីវិជ្ជា ព្រះអនុគណស្រុកស្រីសន្ធរ ព្រមទាំងព្រះសហការី ព្រះមន្ត្រីសង្ឃ សាលាអនុគណស្រុកស្រីសន្ធរ, ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ជា ពៅ ព្រមទាំងបុត្រ, លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ អ៊ាត ណារី ព្រមទាំងបុត្រ, លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងភរិយាព្រមទាំងបុត្រ ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុកស្រីសន្ធរ, លោក ស៊ីម គង់ អភិបាលនៃគណៈបាលស្រុកស្រីសន្ធរ និងភរិយា ព្រមទាំងបុត្រ ព្រមទាំងសហការីមន្ត្រីរាជការជុំវិញសាលាស្រុក រួមទាំងព្រះចៅអធិការវត្តដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងស្រុកស្រីសន្ធរជាច្រើនទៀត៕