កំពត ៖ កំពត គឺជាខេត្តគោលដៅអភិវឌ្ឍន៍មួយរបស់រាជរដ្ឋាភិបាល និងជាទិសដៅវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តកំពតទទួលបានគម្រោងអភិវឌ្ឍន៍សំណង់អគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន៤៤អគារ ។ នេះបើតាមឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្ដីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ម៉ៅ ធនិន្ទ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្ដានុពលសំខាន់ៗជាច្រើនដូចជា ធនធានធម្មជាតិសំបូរបែប ដោយមានដីស្រែ ឆ្នេរសមុទ្រ ស្ទឹង ព្រែក កោះ ឧទ្យានជាតិ ព្រៃកោងកាង ស្មៅសមុទ្រ ធនធានជលផល រ៉ែនិងអគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជាវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ។

ឯកឧត្តមបន្តថា ក្នុងខេត្តកំពតក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់ផងដែរ ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវលេខ៤៣ ផ្លូវជាតិលេខ៣១ ៣២ និងផ្លូវលេខ៣៣ ។ ក្រៅពីនេះ ខេត្តកំពតក៏មានផ្លូវដែករត់កាត់ផងដែរ ដែលអាចដឹកភ្ញៀវទេសចរ និងអ្នកដំណើរពីរាជធានីភ្នំពេញ ឬព្រះសីហនុ មកកាន់ទឹកដីនៃខេត្តកំពត ។

ឯកឧត្តមបន្តទៀតថា ដោយសារតែសក្ដានុពលទាំងនេះបានជំរុញឱ្យខេត្តកំពតមានការអភិវឌ្ឍទៅលើសំណង់អគារសណ្ឋាគារ ផ្ទះសំណាក់ និងអគារផ្សេងៗជាច្រើនផងដែរ ជាក់ស្ដែងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះខេត្តកំពត ការអភិវឌ្ឍអគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅចំនួន៤៤កន្លែង ឬអគារផងដែរ ។

ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតជាច្រើនបានមើលឃើញថា សក្ដានុពលវិស័យទេសចរណ៍បានជំរុញឱ្យខេត្តកំពតទទួលបានគម្រោងវិនិយោគឯកជនជាបន្តបន្ទាប់ជាពិសេសសណ្ឋាគារ និងផ្ទះសំណាក់ ។ ក្រៅពីនេះក៏មានការអភិវឌ្ឍទៅលើផ្ទះលំហែកាយជាច្រើនកន្លែងផងដែរ ដោយអ្នកអភិវឌ្ឍន៍ផ្ទះលំហែកាយបានផ្ដោតលើតំបន់នៅជាយក្រុង ដូចជានៅតាមដងព្រែកនៅតំបន់ភ្នំជាដើម ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍតភ្ជាប់ពីតំបន់ផ្សេងទៅកាន់ទឹកដីនៃខេត្តកំពតនេះដែរ ដោយបានអភិវឌ្ឍន៍ផ្លូវជាតិសំខាន់ៗ លើកកម្ពស់កម្រិតគុណភាពផ្លូវដែលមានស្រាប់ដូចជាផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ភ្ជាប់ទៅកាន់ខេត្តកំពត ផ្លូវលេខ៣១ និងផ្លូវលេខ៣៣ និងអភិវឌ្ឍន៍ផ្លូវនៅក្នុងខេត្តកំពតជាច្រើនខ្សែផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ៕