កណ្ដាល ៖ រដ្ឋបាលខេត្តកណ្តាលកំពុងសហការជាមួយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការត្រៀមរៀបចំនិងដាក់ឱ្យដំណើរការក្រុងអរិយក្សត្រ ដើម្បីធានាដល់ការចាប់ផ្ដើមដំណើរការនៃរដ្ឋបាលក្រុង ដែលបង្កើតថ្មី ឱ្យមានភាពរលូន និងទទួលបានជោគជ័យ។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់គណ:កម្មការត្រៀមរៀបចំនិងដាក់ឲ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោកអភិបាលស្រុកកោះធំ និងល្វាឯម លោកនាយករដ្ឋបាលខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។

កិច្ចប្រជុំនេះមានគោលបំណង សិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែល កើតឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប្រសិនបើមាន និងសម្របសម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីកិច្ចសន្យា បញ្ញើថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី ធានាឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួន ស្របតាមច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តកំណត់ព្រមទាំងសហការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្ដើមដំណើរការនៃរដ្ឋ បាលក្រុង ដែលបង្កើតថ្មីឱ្យមានភាពរលូន និងទទួលបានជោគជ័យ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុង«អរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ នៅស្រុកល្វាឯម។ នេះបើតាមអនុក្រឹតរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ ដោយឃុំចំនួន ១១ នៃខេត្តកណ្តាល ដែលក្លាយជាដីក្រុងអរិយក្សត្រនោះ គឺមានសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រនោះ គឺស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ តែម្តង។

កាលពីថ្ងៃទី ៩ ធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចុះហត្ថលេខាខ្ចីប្រាក់ពីកូរ៉ខាងត្បូង ប្រមាណ ១,៨០០ លានដុល្លារអាម៉េរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសហើយក្នុងចំណោមកម្ចីទាំងនេះ គឺមានជាង ១៥០ លានដុល្លារ ដែលរដ្ឋាភិបាលនឹងយកទៅសាងសង់ស្ពានឆ្លងពីទន្លេពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនាអំឡុងពាក់កណ្តាលឆ្នាំ២០២៣នេះ។

អ្នកជំនាញបានលើកឡើងថា តំបន់អរិយក្សត្រនឹងក្លាយជាតំបន់កាន់តែមានភាពទាក់ទាញសម្រាប់ការវិនិនយោគក្នុងវិស័យអចលនទ្រព្យ បន្ទាប់ពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អរិយក្សត្រត្រូវបានប្រកាសថានឹងសាងសង់នៅក្នុងក្នុងឆ្នាំនេះ៕