ភ្នំពេញ ៖ ការស្ទុះងើបឡើងវិញមួយផ្នែកនៃវិស័យទេសចរណ៍ និងធ្វើដំណើរបានធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យសេដ្ឋកិច្ចនៃសកម្មភាពសំណង់ ដែលទាក់ទងនឹងទេសចរណ៍ ទោះបីជាសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តមានភាពថមថយក៏ដោយ។ នេះបើយោងតាមការលើកឡើងក្នុង របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ2022 ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយកាលពីថ្មីៗនេះ។

ការដំណើរការ និងការស្នាក់នៅរបស់អ្នកទេសចរក្នុងស្រុកបន្តគាំទ្រដល់វិស័យទេសចរណ៍។ នេះបានជួយរក្សាស្ថិរភាព និងរក្សាតម្លៃលក់ និងការជួលខុនដូដែលមានតម្លៃសមរម្យ និងមធ្យម។ អត្រាកាន់កាប់អចលនទ្រព្យកំពុងស្ទុះងើបឡើងវិញ ខណៈដែលវិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តរក្សាការងើបឡើងវិញបន្តិចម្តងៗ។

អត្រាស្នាក់នៅសណ្ឋាគារដែលមានតម្លៃសមរម្យបានងើបឡើងវិញ ខណៈអ្នកទេសចរលំដាប់ថវិកា និងអ្នកធ្វើដំណើរអាជីវកម្មហាក់ដូចជាបានត្រឡប់មកវិញ។ តម្រូវការសម្រាប់ការផ្គត់ផ្គង់ការិយាល័យកណ្តាលមានស្ថិរភាព ជាមួយនឹងអត្រាកាន់កាប់ 70 ភាគរយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ2022 នៅពេលដែលជួបជុំគ្នា និងទំនាក់ទំនងទល់មុខគ្នាវិលទៅរកប្រក្រតីឡើងវិញ។

ការផ្គត់ផ្គង់នៃវិស័យលក់រាយមានភាពប្រសើរឡើង ជាមួយនឹងអត្រាកាន់កាប់ 70 ភាគរយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តទទួលរងពីការផ្គត់ផ្គង់លើសចំនួន ដោយសារការថយចុះនៃចំណង់របស់អ្នកវិនិយោគបរទេសសម្រាប់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ។

ដោយឆ្លុះបញ្ចាំងពីតម្រូវការបន្តធ្លាក់ចុះនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យ ការអនុញ្ញាតសាងសង់បានធ្លាក់ចុះ 54 ភាគរយ ក្នុងអំឡុងពេល 8 ខែដំបូងនៃឆ្នាំ 2022 ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្រដៀងគ្នានេះដែរ ចំនួនគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់បានធ្លាក់ចុះ 53 ភាគរយ។ ក្នុងអំឡុងពេលដូចគ្នានេះ បរិមាណនៃសម្ភារៈសំណង់មូលដ្ឋានសរុបរួមមាន ស៊ីម៉ងត៍ ដែក និងការនាំចូលសម្ភារៈសំណង់ផ្សេងទៀត (គិតជាម៉ែត្រគូប) ដែលត្រូវបានប្រើជាចម្បងសម្រាប់ឧស្សាហកម្មសំណង់បានធ្លាក់ចុះ 10.1 ភាគរយ។

ទស្សនវិស័យសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា បើទោះបីជាជំងឺរាតត្បាតនេះបានបញ្ចប់ក៏ដោយ។ វិស័យសំណង់ទំនងជានឹងមិនអាចក្លាយជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីនោះទេ ទោះបីជាមានការងើបឡើងវិញនៃវិស័យធ្វើដំណើរ និងទេសចរណ៍ក៏ដោយ។

អស់រយៈពេលជាច្រើនឆ្នាំមុនពេលមានវិបត្តិ ប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងផ្នែកសំណង់ និងអចលនទ្រព្យដែលមិនធ្លាប់មានពីមុនមក ដែលបានជម្រុញការផ្គត់ផ្គង់លើសចំនួន។ តម្រូវការខាងក្រៅប្រទេសសម្រាប់អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋានរបស់ប្រទេសកម្ពុជាបានរួមចំណែកមួយផ្នែកដល់ការរីកចំរើនខាងលើនេះ។

ដោយឡែក ព្រះសីហនុគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងរបស់ប្រទេសកម្ពុជាដែលមានការរីកដុះដាលនៃការសាងសង់លឿនបំផុត ក្នុងអំឡុងពេលមុនជំងឺរាតត្បាត ជាមួយនឹងលំហូរនៃការវិនិយោគរបស់ចិន ដោយសារតែការរំពឹងទុកនៃការវិនិយោគខ្ពស់ពីសកម្មភាពទេសចរណ៍។ ខេត្តព្រះសីហនុបានទទួលគម្រោងសាងសង់ដែលមានតម្លៃប្រមាណ 5,8 ពាន់លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ2019 និងឆ្នាំ2020។

ជំងឺរាតត្បាត និងគោលនយោបាយជំងឺកូវីដ19 របស់ចិនបន្តកាត់បន្ថយសកម្មភាពសំណង់ និងអចលនទ្រព្យ។ ថ្មីៗនេះ ទីក្រុងដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជាខេត្តសៀមរាប និងក្រុងព្រះសីហនុ បានទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសកាន់តែច្រើនឡើងជាលំដាប់ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលកំពុងបន្ត ភាគច្រើនផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសាធារណៈ និងឯកជនកំពុងត្រូវបានសាងសង់ ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍៕