ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអរិយក្សត្រ នឹងទទួលបាននូវកាដូដ៏ធំមួយគឺស្ពានឆ្លងទន្លេចំនួន២ តភ្ជាប់ពីភ្នំពេញទៅតំបន់ជ្រោយចង្វារ និងបន្តភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលមានតម្លៃជាង២៤៥លានដុល្លារអាមេរិក នឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃស្អែកនេះហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះបានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ( ផ្សារចាស់ ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ )មានទឹកប្រាក់ចំនួន ២៤៥,៩១លានដុល្លារអាមេរិក ។ គម្រោងនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា ។

ជាមួយនឹងសេចក្ដីប្រកាសខាងលើនេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករស់នៅតំបន់អរិយក្សត្រ ក៏ដូចជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យបានសាទរនូវគម្រោងសាងសង់ស្ពានដ៏វែង និងមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ដោយរំពឹងថានឹងធ្វើឱ្យរាជធានី និងតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ កាន់តែខិតជិតគ្នា ។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែន បានឱ្យដឹងថា គម្រោងសាងសង់ស្ពាននេះនឹងនាំឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញកាន់តែច្រើន ពីព្រោះថាតាមពិតទៅភ្នំពេញ និងតំបន់អរិយក្សត្រមានទីតាំងមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ប៉ុន្តែដោយសារតែមិនមានហេដ្ឋារចនាសម្ព័ន្ធ ឬស្ពានឆ្លងទន្លេទើបមិនសូវមានមនុស្សទៅរស់នៅតំបន់នោះច្រើន ។

លោកបន្តថា ៖ «នៅពេលស្ពានអរិយក្សត្រត្រូវបានសាងសង់រួច ការធ្វើដំណើរពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនឹងងាយស្រួលលឿនជាងមុន ហើយអាចធ្វើដំណើរបានគ្រប់ពេលវេលា ហើយអ្វីដែលសំខាន់បំផុតនោះ គឺអាចទាក់ទាញបណ្តាអ្នកអភិវឌ្ឍន៍ងាកទៅកាន់តំបន់ខាងកើតច្រើន ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនអភិវឌ្ឍន៍ អ្នកវិនិយោគជាច្រើនរួចហើយបានសម្លឹង និងកំពុងស្វែងរកទីតាំងសម្រាប់ការវិនិយោគគម្រោងរបស់ខ្លួនផងដែរ»។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Realty បានមានប្រសាសន៍ថា គម្រោងស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រនឹងជំរុញឱ្យតម្លៃ និងហាងឆេងដីធ្លីនៅតំបន់អរិយក្សត្រមានសន្ទុះមួយកម្រិតទៀត ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍគម្រោងនានានៅតំបន់អរិយក្សត្រក៏នឹងមានសកម្មភាពច្រើននៅពេលស្ពានចាប់ផ្ដើមបើកការសាងសង់។

លោកបន្តថា ៖ «ស្ពាននេះនឹងជំរុញឱ្យកំណើនប្រជាសាស្ត្រនៅតំបន់ប៉ែកខាងកើតរាជធានី ដូចជា អរិយក្សត្រ ល្វាឯម ស្វាយជ្រុំ និងវិហារសួគ៌ជាដើមនោះ កាន់តែច្រើនឡើង ហើយក៏រំពឹងថាការអភិវឌ្ឍនៅតំបន់នោះមានសន្ទុះបន្ថែមទៀតដែរ»។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានជំរុញឱ្យភាគីពាក់ព័ន្ធសិក្សាពីការបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្ដាលប៉ែកខាងកើតរាជធានីភ្នំពេញគឺក្រុងល្វាឯម ដែលគម្រោងបង្កើតក្រុងនេះដែរបាននាំឱ្យវិនិយោគិនអចលនទ្រព្យ ជាពិសេគម្រោងដីឡូត៍ គម្រោងអភិវឌ្ឍន៍លំនៅឋានបាញ់ឆ្ពោះទៅកាន់តំបន់នោះកាន់តែច្រើនជាមួយនឹងក្ដីសង្ឃឹមពីការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េនេះផងដែរ ៕