ភ្នំពេញ ៖ ការសាងសង់ផ្សារទំនើប អ៊ីអន 3 (AEON Mall 3) ដែលមានទីតាំងស្ថិតនៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ 60 ម៉ែត្រ ក្នុងតំបន់អភិវឌ្ឍទីក្រុងរណប ING City កំពុងមានភាពមមាញឹក ហើយក្នុងស្ថិតដំណាក់កាលបញ្ចប់ និងត្រៀមដាក់ដំណើរការក្នុងជំហ៊ានដំបូងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ2022 នេះ។

បើតាមប្រភពច្បាស់ការណ៍ បញ្ជាក់ប្រាប់ថា គម្រោងផ្សារំនើបលំដាប់អន្តជាតិប្រចាំប្រទេសកម្ពុជាទី3 របស់ជប៉ុនមួយនេះនឹងចាប់ដំណើរការក្នុងជំហានដំបូងនៅត្រឹមថ្ងៃទី15 ខែធ្នូ ឆ្នាំ2022។ គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដីជាង 18 ហិកតា និងគ្រោងទុនចំណាយជិតដល់ទៅ 300 លានដុល្លារអាមេរិក ។

ជាក់ស្តែង គេសង្កេតឃើញថា ទីតាំងដែលសាងសង់ផ្សារទំនើបអ៊ីអន 3 គឺមានសកម្មភាពសាងសង់យ៉ាងសកម្ម នៅតំបន់ផ្លូវ 60 ម៉ែត្រនេះ។ ក្រុមហ៊ុនវិនិយោគផ្សារទំនើប AEON Mall 3 គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON MALL GROUP ដែលបច្ចុប្បន្នបាន និងកំពុងដំណើរការផ្សារទំនើបអ៊ីអន 1 ភ្នំពេញ  និងផ្សារទំនើបអ៊ីអន 2 សែនសុខ រួចមកហើយ។

គម្រោង AEON3  ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប 170,000ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ក្នុងចំណោមផ្សារទំនើប AEONទាំង 3 នៅកម្ពុជា។ គម្រោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន 24 ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការផ្លូវការនៅត្រឹមឆ្នាំ2023។

សូមបញ្ជាក់ថា បច្ចុប្បន្នេះ តំបន់ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅថា ផ្លូវ 60 ម៉ែត្រ កំពុងក្លាយជាតំបន់មានសក្តានុពលខ្ពស់ដែលបានស្រូបទាញការវិនិយោគធំៗពីសំណាក់អ្នកវិនិយោគិនក្នុងស្រុក និងបរទេស។ ដូច្នេះហើយអ្នកជំនាញមើលឃើញថាតំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រស់រវើកមួយនារយៈពេល 3 ឆ្នាំខាងមុខ ដោយបច្ចុប្បន្នតំបន់នេះមានផ្សារទំនើបលំដាប់អន្តរជាតិជាច្រើន រួមទាំងសំណង់លំនៅឋានប្រណីតៗ អគារពាណិជ្ជកម្ម ផ្សារទំនើប សូនកម្សាន្ត ក៏សាលាខ្នាតអន្តរជាតិ កំពុងដំណើរការសាងសង់ជាបន្តបន្ទាប់៕

AEON Mall 3 AEON Mall 3