ភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានកំណើនទៀងទាត់ និងនៅបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ៗខ្ពស់ៗ ជាក់ស្តែងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន 3,176 គម្រោង មានទុនវិនិយោគប្រមាណ 1,963 លានដុល្លារក្នុងរយៈពេល 9 ខែដើមឆ្នាំ2022 នេះ។

ថ្លែងពិធីសម្ពោធបើកនៃពិព័រណ៏ CAMFOOD’22 និង CAMBUILD’22 បានធ្វើឡើងនៅព្រឹកថ្ងៃទី16 វិច្ឆិកា ឆ្នាំ2022 លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជាមានកំណើនទៀងទាត់ និងនៅបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ៗខ្ពស់ៗ ដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធតាគារ រោងចក្រ ឃ្លាំង ។ល។

យោងតាមលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល 9 ខែដើមឆ្នាំ2022 នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន 3,176 គម្រោង មានទុនវិនិយោគប្រមាណ 1,963 លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល 9 ខែនេះដែរថា ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់តម្រោងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីចំនួន 20គម្រោង បានផ្តល់លិខិតអនុញ្ញាតសាងសង់ តម្រោងអគារខ្ពស់ៗចាប់ពី 5ជាន់ឡើង មានចំនួន 98 គម្រោង ស្មើនឹង 100 អគារ ដែលក្នុងនេះ មាននៅរាជធានីភ្នំពេញ 63 គម្រោង, ខេត្តព្រះសីហនុ 11 គម្រោង ខេត្តបន្ទាយមានជ័យ 12 គម្រោង និងតាមបណ្ដាខេត្តផ្សេងៗមាន 12 គម្រោង។

យោងតាមលោក លាង មុនីរិទ្ធ បានលើកឡើងថា ជាមួយកំណើននៃគម្រោងសាងសង់នាំឱ្យមានតម្រូវការលើសម្ភារៈសំណង់ បរិក្ខាសំណង់ ផលិតផលសំណង់ និងបច្ចេកវិទ្យាសំណង់ ដែលក្នុងនោះចាំបាច់ត្រូវមានស្ដង់ដារត្រឹមត្រូវអនុលោមតាមបទប្បញ្ញត្តិ បច្ចេកទេសសំណង់ ដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់។ រួមទាំងគាំទ្រដល់ការអភិវឌ្ឍ ធ្វើឲ្យទីក្រុងមានភាពរស់រវើក មានការតភ្ជាប់ និងមានសុវត្ថិភាព ប្រកបដោយនិរន្តរភាព និងបរិស្ថានការរស់នៅកាន់តែល្អប្រសើរ៕