ភ្នំពេញ៖ រដ្ឋាភិបាលថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានផ្តល់ដល់កម្ពុជា សម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ67 (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន 983លានបាត ស្មើនឹងប្រមាណ 30 លានដុល្លារអាមេរិក។

លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) បានថ្លែងថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង2ឱ្យកាន់ តែប្រសើរឡើង។ ផ្លូវជាតិលេខ 67 នេះ គឺជាច្រកមួយដ៏សំខាន់ ក្នុងការបម្រើឱ្យគោលដៅនេះ។

លោកបន្តថា ថា ក្រៅអំពីកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ NEDA ក៏មានបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យផ្សេងៗទៀតផងដែរនាពេលអនាគត រួមមាន៖ កិច្ចសហប្រតិបត្តិការលើវិស័យរចនាសម្ព័ន្ធរូបវ័ន្តសាធារណ: ថាមពលសុខាភិ បាល និងការអភិវឌ្ឍទីក្រុងជាដើម។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃបានអនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ 67 (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ប្រវែងប្រមាណ135 គីឡូម៉ែត្រ ព្រោះថាផ្លូវជាតិលេខ67 នេះ គឺជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជា ទៅនឹងខេត្តស៊ីសាកេត និងភាគឦសាននៃប្រទេសថៃ។

លោកបន្តថា ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឱ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ហើយកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ច និងចូលរួមចំណែកលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។

លោកបន្ថែមថា ជាងនេះទៅទៀត ផ្លូវនេះនឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។

បើតាម លោក វង្សី វិស្សុតផ្លូវជាតិលេខ 67 ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃ នៅឆ្នាំ2006 និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ2009។ បន្ទាប់ពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

លោកក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថ លេខានៅថ្ងៃនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនាមទំម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។

គិតត្រឹមឆ្នាំ2022 រាជរដ្ឋាភិបាលថៃបានផ្តល់ឥណទានសម្បទានដល់កម្ពុជាសរុបចំនួន 3019 លានបាត ដែលស្មើនឹងប្រមាណ 86លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន 3ក្នុងនោះ គម្រោងសាងសង់ផ្លូវឆ្លងកាត់ស្ទឹងបត់ និងផ្លូវចូលទៅកាន់គម្រោងផ្លូវជាតិលេខ5 ដែលកំពុងដំណើរការ និងគម្រោងស្តារផ្លូវជាតិលេខ67នេះផងដែរ៕