ភ្នំពេញ៖ ទីក្រុងមកពីតំបន់នានាលើពិភលោកចំនួន 73 នឹងចូលរួមកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ2022 នៅរាជធានីភ្នំពេញដែលនៅដើមខែធ្នូ ឆ្នាំ2022ខាងមុខនេះ ។ នេះបើតាមលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។

លោក នួន ផារ័ត្ន ថ្លែងថា សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ2022 ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី2 និងទី3ខែធ្នូ ឆ្នាំ2022នេះ នៅរាជធានីភ្នំពេញ។ ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះឱ្យបានម៉ត់ចត់។

លោកបន្តថា គិតមកដល់ថ្ងៃទី 4 ខែវិច្ឆិកា នេះ មានទីក្រុងចំនួន73 ហើយ ដែលយើងបានអញ្ជើញឱ្យមកចូលរួម ហើយយើងក៏បាននឹងកំពុងអញ្ជើញអភិបាលក្រុងធំៗជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF)និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុងនិងទីក្រុង ពិសេសធ្វើឱ្យទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យដឹងដែរថា ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើនិងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 10ដល់ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2022 និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀត ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង14 ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាលនៅតំបន់ស្មុកស្មាញឱ្យបានខ្លាំងក្លា ព្រោះថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។

លោក ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា កម្លាំងនិងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខឱ្យបានខ្លាំងក្លាបំផុត ដាច់ខាត មិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។

គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ2022 ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន 71រូប ដែលមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធានប្រចាំការ៕