ភ្នំពេញ ៖ ហាក់មានភាពខុសប្លែកកាលពីប្រមាណ៤ទៅ៥ឆ្នាំមុន ដែលអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានភាគច្រើនបានតម្រង់ទិសបាញ់ឆ្ពោះទៅកាន់ប៉ែកខាងជើង និងខាងត្បូងរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ពេលនេះក្រុហ៊ុនដែលជាអ្នកភិវឌ្ឍន៍បានបង្វែរគោលដៅទៅកាន់តំបន់ប៉ែកខាងកើតជាបណ្តើរៗ ខណៈដែលភាពអំណោយផលទាំងកត្តាតម្លៃ កត្តាហេដ្ឋារចនាសម្ព័ន្ធ និងទំនោរនៃកំណើនប្រជាសាស្ត្រកំពុងកើតមាន។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គ្រប់តំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញទាំងអស់សុទ្ធតែជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍ទាំងអស់ ជាពិសេសផ្នែកលំនៅដ្ឋាន ព្រោះកំណើននៃចំនួនប្រជាជនដែលចូលមកកាន់រាជធានីភ្នំពេញមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសគម្រោង និងផែនការមេពង្រីកក្រុងនៅក្នុងរង្វង់អង្កត់ផ្ចិត១០០គីឡូម៉ែត្រជុំវិញនៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ។

លោកឧកញ៉ាបានបញ្ជាក់ថា ៖ “កាលពីប៉ុន្មានឆ្នាំមុន តំបន់ដែលជាគោលដៅនៃការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានគឺស្ថិតនៅប៉ែកខាងជើង និងប៉ែកខាងត្បូងក្រុង ខណៈដែលនៅតំបន់ទាំងនេះមានភាពអំណោយផលល្អទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកត្តាភូមិសាស្ត្រ ហើយតម្លៃដីធ្លីក៏នៅមានភាពសមរម្យដែលអាចអនុញ្ញាតិឲ្យអ្នកអភិវឌ្ឍន៍មានឱកាសចំណេញច្រើន ហើយក្រុមហ៊ុនប្រកួតប្រជែងក៏មិនទាន់មានច្រើន”។

ពាក់ព័ន្ធទៅនឹងទំនោរ និងគោលដៅរបស់បណ្តាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបន្តពីតំបន់ខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី បានបង្ហើបថា គោលដៅបន្ទាប់គឺប៉ែកខាងកើតរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានយ៉ាងច្រើនកំពុងបង្ហាញខ្លួន ជាមយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹកផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា បើគិតចាប់ពីតំបន់ច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជាង២០គីឡូ គឺមានវត្តមានបុរីជាច្រើន ដោយក្នុងនោះមានចាប់ពីប្រភេទលំនៅដ្ឋានតម្លៃមធ្យម ដែលត្រូវបានគេដាក់លក់មិនក្រោយ៦ម៉ឺនដុល្លារនោះទេ រហូតមានគម្រោងខ្លះមានរហូតដល់ខ្ទង់លានដុល្លារសម្រាប់លំនៅដ្ឋានមួយខ្នង។ហេតុផលសំខាន់ដែលជំរុញឲ្យអ្នកវិនិយោគងាកទៅកាន់តំបន់បែកខាងកើតក្រុង ជាពិសេសផ្លូវជាតិលេខ១។

នៅប៉ែកខាងកើតនេះ វាជាតំបន់ជាយក្រុង មានហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីដែលនឹងត្រូវវិនិយោគដោយរាជរដ្ឋាភិបាល ហើយក៏មានមជ្ឈមណ្ឌលសំខាន់ៗដែលជាចំណុចទាក់ទាញ និងលើកកម្ពស់ដល់ការវិនិយោគផងដែរ។ ដូច្នេះ ចង់មិនចង់ តំបន់នេះ មិនយូរទៀតនោះទេ វាក៏មានរូបភាពអភិវឌ្ឍន៍ដូចគ្នាទៅនឹងតំបន់ប៉ែកខាងត្បូងក្រុងនោះផងដែរ៕