កំពត ៖ ខេត្តកំពតស្ថិតនៅប៉ែកនិរតីជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជាមានចំងាយ១៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតភ្ជាប់ដោយផ្លូវជាតិលេខ៣ លេខ៣១ .លេខ៣៣ និងផ្លូវរថភ្លើងមកកាន់ក្រុងកំពត ហើយមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងកើតជាប់នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងខេត្តកែប និងប្រទេសវៀតណាម ហើយខាងលិចជាប់នឹងខេត្តព្រះសីហនុនិងឈូងសមុទ្រថៃ។

យោងតាមរដ្ឋបាលខេត្តកំពតបានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពត មានផៃ្ទដីសរុប ៤,៨៧៣.២គីឡូម៉ែត្រការ៉េ បែងចែកជាដែនដីរដ្ឋបាលចំនួន ៧ ស្រុក និង ១ក្រុង មានចំនួន ៨៨ឃុំ, ៥សង្កាត់ និង៤៨៨ភូមិ ដោយមានសណ្ឋានដី និងលក្ខណៈភូមិសាស្រ្តផ្សេងៗគ្នា ដូចជា នៅប៉ែកខាងកើតមានផៃ្ទដីរាបស្មើ ទទួលរងឥទិ្ធពលទឹកទន្លេមេគង្គ និងមានបណ្តាញផ្លូវទឹកហូរស្រោចស្រពសម្រាប់ដំណាំស្រូវ ម្រេចនិងដំណាំផ្សេងៗទៀត។

ប៉ែកខាងជើងជាតំបន់ខ្ពង់រាប មានព្រៃរបោះ មានផ្ទៃដីធ្វើស្រែចម្ការហើយតំបន់មួយចំនួន ជាតំបន់ថ្មកំបោរសម្រាប់បម្រើការផលិតស៊ីម៉ង់ត៍ និងកំបោរ។ ប៉ែកខាងលិចជាតំបន់ភ្នំខ្ពស់ៗ ដែលមានឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់ការពារអភិរក្សធម្មជាតិ មានផ្ទៃដីសរុប ១៥៤,៤៥៨ហិកតា និងប៉ែកខាងត្បូងជាផ្ទៃដីជាប់សមុទ្រ ដែលលាតសន្ធឹងតាមបណ្ដោយឆេ្នរមានប្រវែង ៧៦គីឡូម៉ែត្រ ដែលមានសក្តានុពលផលិតអំបិលលើផ្ទៃដី (ស្រែអំបិល) សរុប ៣,៦៧៥.៩៤ហិកតា ។

រដ្ឋបាលខេត្តកំពតបានឲ្យដឹងទៀតថា ការអភិវឌ្ឍខេត្តត្រូវពឹងផ្អែកលើសក្តានុពល និងធនធានធម្មជាតិ ដែលមានស្រាប់ជាចម្បង។ បច្ចុប្បន្ន ខេត្តមានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយការប្រែប្រួលអាកាសធាតុការគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។

ដើម្បីធ្វើការអភិវឌ្ឍខេត្តឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខេត្តកំពត បានដាក់ចេញនូវចក្ខុវិស័យ ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មូលដ្ឋាន និងជម្រុញឱ្យមាន អភិបាលកិច្ចល្អ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ចក្ខុវិស័យរបស់ខេត្ត ‹ប្រជាពលរដ្ឋខេត្តកំពតមានសុខភាពមាំមួន ជីវភាពធូរធារ មានសុវត្តិភាព មានចំណេះដឹង ជំនាញ បច្ចេកទេស រស់នៅក្នុងបរិស្ថានល្អ រក្សាបាននូវវប្បធម៌ប្រពៃណីជាតិ បេតិកភ័ណ្ឌ សាសនា មានការគោរពច្បាប់ និងមានសមធម៌› ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ខេត្តបានរៀបចំគោលបំណងអភិវឌ្ឍន៍ផ្អែកលើផ្នែកទាំងបួន ដូចខាង ក្រោម ៖
១-ផ្នែកសេដ្ឋកិច្ច៖ “បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការកែលម្អប្រព័ន្ធទិន្នន័យមូលដ្ឋាន ប្រព័ន្ធធារាសាស្រ្ដ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ លើកកម្ពស់ផលិតផល កសិផល សេវាកម្ម ឲមានបរិមាណនិងគុណភាពស្របតាមបទដ្ឋានបច្ចេកទេស”។

២-ផ្នែកសង្គមកិច្ច៖ “លើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយអត្រាឈឺ ស្លាប់មាតា ទារក កុមារ ជម្ងឺឆ្លង ជម្ងឺមិនឆ្លង និងការផ្គត់ផ្គងទឹកមានសុវត្ថិភាព ការអប់រំថែរក្សាអនាម័យ បង្កើនចំណេះដឹងនិងគុណភាពអប់រំ បង្កើតការងារនិងមុខរបរ ផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី លុបបំបាត់ការរំលោភបំពាន ការជួញដូរ និងអំពើហិង្សា យកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ ថែរក្សាមរតកវប្បធម៌ ការគោរពប្រតិបត្តិសាសនា និងផ្ដល់ព័ត៌មានឲបានទូលំទូលាយដល់ប្រជាពលរដ្ឋ”។

៣-ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយ៖ “កាត់បន្ថយសំណង់មិនរៀបរយនិងការរំលោភដីធ្លី ទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ បង្កើន គ្រប់គ្រងធនធានធម្មជាតិ ការបំពុលបរិស្ថាន ការត្រៀមបង្ការគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព”។

៤-ផ្នែករដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ៖ “លើកកម្ពស់សមត្ថភាពធនធានមនុស្ស តាមរយៈការគ្រប់គ្រងនិងចាត់ចែងរដ្ឋបាល កន្លែងធ្វើការងារ ការអនុវត្ដនូវតួនាទីភារកិច្ច ច្បាប់សហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល ការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ និងការប្រើប្រាស់រដ្ឋបាលព័ត៌មានវិទ្យា ព្រមទាំងធានាបាននូវសន្ដិសុខ សុវត្ថិភាពសាធារណៈ អនុវត្តល្អគោលនយោបាយភូមិឃុំមានសុវត្ថិភាព”៕