ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគ 5 ដែលបានបោះទុនវិនិយោគប្រមាណជាង 29លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

1-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 8,1លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1033កន្លែង។

2-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 5,4លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 983កន្លែង។

3-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5,2លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1033កន្លែង។

4-“YI ZHOU HONG RI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5,1លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 744កន្លែង។

5-“FORESTSTAR TREE INDUSTRIAL (CAMBODIA) CO., LTD.” ដែលជាគម្រោងបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អរដើមណូអែល សម្ភារៈគ្រប់ប្រភេទសម្រាប់តុបតែងលម្អរដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 5,4លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ 768កន្លែង៕