ភ្នំពេញ៖ គម្រោងសាងសង់ សំណង់របស់អ្នកអភិវឌ្ឍន៍នៅក្នុងស្រុកដំណើការល្អទៅមុខ បានជំរុញឱ្យទំហំនៃចំណាយថវិការបស់កម្ពុជា លើ ការនាំចូលដែក និងដែកថែបពីក្រៅប្រទេសសម្រាប់ផ្គត់ផ្គង់នៅក្នុងវិស័យនេះ មានការកើនឡើងគួរ ឱ្យកត់សម្គាល់ ក្នុងរយៈ 8 ខែឆ្នាំ2022នេះ បើធៀបទៅនឹង ឆ្នាំ 2021។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន ឱ្យដឹងថា តាមរយៈគម្រោងសាងសង់សំណង់របស់អ្នកអភិវឌ្ឍន៍នៅក្នុងស្រុក កម្ពុជាបានចំណាយថវិកាជាង 244 លានដុល្លារទៅលើការនាំចូលដែក និងដែកថែបក្នុងរយៈពេល8 ខែដើមឆ្នាំ2022 ពោល កើនឡើង 20 ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ2021។

របាយការណ៍នេះ ត្រូវបានកត់ត្រា ពីខែមករា-ខែសីហា ឆ្នាំ 2022 ដោយបង្ហាញឱ្យឃើញថា ការនាំចូលដែក និងដែកថែបពីក្រៅប្រទេសមកកម្ពុជាមានតម្លៃសរុប 244,75 លានដុល្លារ កើន 20 ភាគរយបើធៀបរយៈពេលដូចគ្នានៃឆ្នាំ 2021 ដែលមាន 204,02 លានដុល្លារ ដែលស្មើប្រមាណ 1,1 ភាគរយនៃទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលទំនិញពីក្រៅប្រទេសដែលមាន21,764,02លានដុល្លារ។

របាយការណ៍នេះបន្តថា ដោយឡែក នៅក្នុង ក្នុងខែសីហា ឆ្នាំ 2022 ទឹកប្រាក់នាំចូលដែក-ដែកថែប កើនជាង 18 ភាគរយធៀបខែសីហា កាលពីឆ្នាំ2021 ។

អ្នកជំនាញនៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានឱ្យដឹងថា ចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប ក្នុងរយៈពេល 8ខែខាងលើកើនឡើង ដោយសារមានគម្រោងវិនិយោគដែលមានម្ចាស់ជាអ្នកនៅក្នុងស្រុក ជាពិសេស សំណង់លំនៅឋាននៅក្នុងស្រុកបន្តរីកចម្រើន និងកំពុងវិវឌ្ឍទៅមុខល្អ ។

ទោះជាយ៉ាងនេះក្តី លោកមើលឃើញ សកម្មភាពសាងសង់នៅតាមការដ្ឋានមួយចំនួនថយចុះនៅពេលនេះ ក៏ដោយសារតែរដ្ឋាភិបាលធ្វើការរឹតបន្តឹងលើការត្រួតពិនិត្យនិយាមបច្ចេកទេស និងគុណភាពនៅទីតាំងសំណង់ផ្ទាល់ជាពិសេសមួយទៀតនោះ គម្រោងសំណង់មួយចំនួនទៀតគ្រប់គ្រង់ដោយវិនិយោគិនបរទេស ។

ក្នុងឆមាសទី 1 ឆ្នាំ2022 ក្រសួងបានផ្តល់ច្បាប់អនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន 2,000 ស្មើនឹងផ្ទៃក្រឡាសំណង់ជិត 3លានម៉ែត្រការ៉េ និងទុនវិនិយោគចំនួន 1,206 លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបណីកម្ម និងសំណង់៕