ភ្នំពេញ ៖ គិតត្រឹមរយៈពេល9ខែ ឆ្នាំ2022នេះ វិនិយោគទុនក្នុងស្រុក បន្តជាប់ថ្នាក់នៅលេខរៀងទី1 ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ជាមួយទុនវិនិយោគជាង 1.7ពាន់លានដុល្លារ ស្មើនឹងជិត60% នៃទុនវិនិយោគសរុបនៅកម្ពុជា ខណៈលំហូរទុនវិនិយោគចិន ស្ថិតក្នុងលេខរៀងទី2។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

របាការណ៍បានបញ្ជាក់ថា CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន150គម្រោង ក្រោមទុនវិនិយោគ 3,500លានដុល្លារ ក្នុងនោះវិនិយោគិនកម្ពុជា បានឈានមុខគេក្នុងការបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង 1700លានដុល្លារអាមេរិក មានចំណែក 50.94% នៃការវិនិយោគសរុប កើនឡើងទេ្វដង ពីខែមករា ដល់ខែកញ្ញា ឆ្នាំ2022 បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2021 ដែលមានទឹកប្រាក់វិនិយោគជិត 700លានដុល្លារ និងមានចំណែកវិនិយោគ 20.74%ប៉ុណ្ណោះ។

ប្រទេសចិនដែលធ្លាប់នាំមុខគេក្នុងការវិនិយោគនៅកម្ពុជា បានស្ថិតក្នុងលំដាប់ទី២វិញ ដែលបានមកវិនិយោគក្នុងទំហំទឹកប្រាក់ ជាង1,500លានដុល្លារ មានចំណែកវិនិយោគ 43.98%។ តាមពីក្រោយចិន គឺប្រទេសថៃ ដែលមានទុនវិនិយោគប្រមាណ 44លានដុល្លារ មានចំណែកវិនិយោគ 1.27%។ ចំណែកប្រទេសជប៉ុន ស្ថិតចំណាត់ថ្នាក់ទី4 ដែលបាននាំទុនវិនយោគបានប្រមាណជិត 40លានដុល្លារ មានចំណែក1.14%នៃវិនិយោគសរុប។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹថា ក្នុងរយៈពេល9ខែនេះ ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន7គម្រោង មានទុនជាង104លានដុល្លារ, វិស័យឧស្សាហកម្ម មានចំនួន132 គម្រោង មានទុនជិត1,400លានដុល្លារ , វិស័យទេសចរណ៍មាន3គម្រោង ដោយទទួលបានទុនជាង 164លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន8 គម្រោង ទទួលបានទុនជិត1.8ពាន់លានដុល្លារ៕