Hot line: +855 (0)87 427 722
● You are in: Media > Detail News
«​ផ្សារ​ដា​» នឹង​រួមចំណែក​សម្រេច​ទំហំ​ពាណិជ្ជកម្ម​៥​ពាន់​លាន​ដុល្លារ​រវាង​កម្ពុជា​-​វៀតណាម​
Date: 2018-01-17

ភ្នំពេញ​៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១៦ ខែមករា ។

បើតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងពាណិជ្ជកម្ម ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម លើកដំបូង​នេះ មាន​ឈ្មោះថា​«​ផ្សារ​ដា​» ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​មេមត់ ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ផ្សារ​នេះ មាន​ផ្ទៃដី​ជិត​២​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា ២​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​ភាគី​វៀតណាម​។ ផ្សារ​នេះ គ្រោង​បញ្ចប់​ការសាងសង់​ក្នុងអំឡុងពេល ១២​ខែ​។​

​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ថា ការបង្កើត​ផ្សារ​នេះ គឺជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​សម្រួល​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ពិសេស​ឈានទៅ​សម្រេច​ទំហំ​ពាណិជ្ជកម្ម ៥​ពាន់​លាន​ដុល្លា តាម​ផែន​ការបស់​ប្រទេស​ទាំងពីរ​។​

​ទោះយ៉ាងណា​ការបង្កើត​ផ្សារ​ព្រំដែន​នេះ​ឡើង ត្រូវបាន​អ្នកជំនាញ​លើកឡើងថា ផលប្រយោជន៍​នឹង​ហុច​ឲ្យ​ប្រទេស​វៀតណាម​ច្រើនជាង​កម្ពុជា ដោយ​ផលិតផល​វៀតណាម នឹងមាន​ច្រើន​លើសលុប ត្រូវបាន​ដាក់លក់​ក្នុង​ផ្សារ​មួយ​នេះ​។​

​យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម ទំហំ​ដោះដូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​វៀតណាម ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០១៧ មាន​ចំនួន ៣,៤៣៨​លាន​ដុល្លារ កើនឡើង ៣១.៥​ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា​នៅ​ឆ្នាំ​២០១៦ ដែលមាន​ចំនួន ២,៩២៦​លាន​ដុល្លារ​៕

Source From: https://www.thmeythmey.com
Share
Our Partners